រដូវប្រមូលផលស្រូវនាខែវស្សាឆ្នាំ២០២៥ ដែលគិតចាប់តាំងពីដើមខែវិច្ឆិការហូតមកដល់ដើមខែធ្នូនេះកសិករនៅខេត្តសៀមរាបបន្តច្រូតកាត់ ដោយភាគច្រើនពួកគាត់ជួលម៉ាស៊ីនច្រូត។កសិករខ្លះបង្ខំចិត្តលក់ស្រូវភ្លាមៗពេលច្រូតរួចនៅស្រែដើម្បីសងថ្លៃម៉ាស៊ីនច្រូត ឯកសិករខ្លះទៀតយកស្រូវស្តុកទុកសិន ព្រោះតម្លៃស្រូវថោកពេក ធ្វើឱ្យពួកគាត់មិនទាន់ទាន់ទូទាត់ថ្លៃចំណាយបាន។
ចំណែកឯក្រុមឈ្មួញជាច្រើនក្រុមបានចុះទិញស្រូវពីកសិករដល់ផ្ទះ នៅតាមភូមិ និងខ្លះទិញនៅហ្នឹងស្រែ ដោយមានរថយន្តធំៗចាំដឹកស្រូវ នៅពេលដែលកសិករច្រូតរួចរាល់។
កសិកររស់នៅភូមិកន្លែងក្រោមឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប លោក ជួន រ៉ៃ ប្រាប់អ្នកសារព័ត៌មានសេរីនៅថ្ងៃទី០១ ខែធ្នូ ថា គ្រួសាររបស់លោកធ្វើស្រែ ៤ ហិកតា ដោយប្រមូលផលស្រូវបានជាង ១០ តោន។ លោកបង្ខំចិត្តលក់ក្នុងតម្លៃថោក ដើម្បីសងថ្លៃម៉ាស៊ីនច្រូត និងថ្លៃជី។ លោកថា ស្រូវផ្ការំដួលកសិករលក់បានតម្លៃ ៩២០ រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃអាចចំណេញចម្លោះ ១២០០រៀល ដល់១៥០០។
លោកបន្តថា កសិករភាគច្រើនជំពាក់បំណុលគេ និងគ្មានលុយបង់ថ្លៃម៉ាស៊ីនច្រូត ទើបបង្ខំចិត្តលក់ស្រូវភ្លាមៗ។ បន្ថែមពីនេះទៀតកសិករបានជួលម៉ាស៊ីនច្រូតក្នុងមួយហិកតា ចន្លោះ ៣៤ម៉ឺនរៀល (៣៥០.០០០)ដល់ ៥០ម៉ឺនរៀល(៥០០០០០) ប្រសិនបើពួកលោកមិនលក់ស្រូវភ្លាមៗទេនឹងគ្មានប្រាក់បង់ថ្លៃម៉ាស៊ីនច្រូតឡើយ។
លោកជួន រ៉ៃ អះអាងថា ឱ្យតែកសិករប្រមូលផលស្រូវក្រុមឈ្មួញតែងតែបញ្ចុះតម្លៃ និងបង្អាប់ផលស្រូវរបស់កសិករ ប្រសិនបើមិនលក់ឱ្យពួកគេភ្លាមៗទេ ក្រុមឈ្មួញនឹងបញ្ចុះតម្លៃ។
លោក ជួន រ៉ៃ៖ « កសិករគ្នាខ្វះខាតធ្វើស្រែខ្វះគេខ្លះអីខ្លះ ពេលប្រមូលបានមកគ្នាបណ្ដាក់ជីគេដោយសារចាំច្រូតរួចរាល់គ្នាលក់ដោះដូរសងគេ។ ដល់ពេលច្រូតស្រូវហើយស្រូវវាថោកគ្នាមិនដឹងធ្វើម៉េចបើវាត្រូវតែសងគេហើយ ត្រូវតែលក់ហ្នឹងហើយ ប៉ុន្តែលក់មិនបានថ្លៃ បានតែមួយពូជ»។
លោក ជួន រ៉ៃ បន្ថែមថា កសិករហាក់ដូចជាចាញ់ប្រៀបក្រុមឈ្មួញ ពេលដែលប្រមូលផលស្រូវរួច អ្នកដែលចំណេញខ្លាំងគឺក្រុមឈ្មួញ ឯកសិករខាតចុងខាតដើមជាច្រើនឆ្នាំមកហើយ។
តាមបណ្តោយផ្លូវជាតិលេខ ៦ និងផ្លូវកៅស៊ូបំបែកចេញពីផ្លូវជាតិ ក្នុងស្រុកសូទ្រនិគមនិងស្រុកប្រាសាទបាគង ខេត្តសៀមរាប គេឃើញមានរថយន្តដឹកស្រូវធំៗជាច្រើនគ្រឿងចតតាមចិញ្ចើមផ្លូវដែលក្រុមឈ្មួញដើរទិញស្រូវពីកសិករក្នុងតម្លៃថោក។ រីឯគោយន្តជាមធ្យោបាយប្រមូលផលស្រូវ ពីស្រែមកដាក់ថ្លឹងលើកដាក់លើរថយន្តធំៗដោយមានមេការ ជិះម៉ូតូ ដើរទិញស្រូវ។
កសិករអះអាងថា បច្ចុប្បន្នប្រភេទស្រូវធ្ងន់ដែលពួកគាត់លក់បានរួមមាន ស្រូវនាងអំ ស្រូវខា ៩ ស្រូវខា ៤ និងស្រូវនាងមិញ តម្លៃចន្លោះ ៥០០រៀល ទៅ៦០០រៀល/គីឡូក្រាម។ ឯស្រូវស្រាល រួមមាន ស្រូវផ្កាម្លិះ និងផ្ការំដួល មានតម្លៃ ៩០០ រៀល ៩៥០ រៀល/គីឡូក្រាម។
កសិករសង្កត់ធ្ងន់ថា ប្រសិនបើស្រូវមានតម្លៃចន្លោះ ១០០០រៀល ដល់ ១៥០០ រៀល/គីឡូក្រាម ពួកគាត់នឹងមានជីវភាពធូរធារ និងអាចរើបម្រះពីភាពក្រីក្របាន។
កសិកររស់នៅភូមិស្រិត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង លោក ខាំ ខា ឱ្យដឹងថា ការចំណាយថ្លៃដើមរបស់កសិករកាន់តែច្រើន ឯផលស្រូវនៅតែថោកដដែល ធ្វើឱ្យកសិករនៅតែលំបាក និងបង្ខំចិត្តលក់ស្រូវថោក ដើម្បីដោះបំណុល។ លោកថា ជីមួយការ៉ុងតម្លៃ១៣ ម៉ឺនរៀល ឯថ្នាំបាញ់ស្មៅក៏ថ្លៃ បូករួមទាំងថ្លៃច្រូតថ្លៃទៀត។
លោកនិយាយថា៖ «ស្រូវខា ៤ និងខា ៩ ៦០០ រៀលក្នុងមួយគីឡូក្រាមមានអីចំណេញ ជីថ្លៃ ច្រូតក៏ថ្លៃ។ យ៉ាងណាក៏ត្រូវលក់ចេញបើជំពាក់គាត់ ។ ពលរដ្ឋវេទនា ច្រូតរួចបានត្រឹមសងគេ មិនចង់រួចផងហ្នឹង »។
សារព័ត៌មានសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ទា គឹមសុទ្ធ បាននៅឡើយទេនៅថ្ងៃទី០១ ធ្នូ។ រីឯអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និង លោក ឃឹម ហ្វីណង់ ក៏មិនទាន់សុំការអធិប្បាយបានដែរនៅថ្ងៃដដែល។
តែយ៉ាងណាក្រសួងកសិកម្មបានបង្ហោះសារជាវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក(Facebook) កាលពីដើមខែវិច្ឆិកាថា រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា បានថ្លែងក្នុងវីដេអូថារដ្ឋាភិបាលកំពុងគិតពីដំណោះស្រាយសមស្របជួយដល់កសិករខណៈលោកសំណូមពរដល់ម្ចាស់បំណុលជួយយោគយល់ដល់កសិករ។ លោកជំរុញឱ្យកសិករចងក្រងជាសហគមន៍ដើម្បីគាំទ្រគ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហានានា។
លោកថា៖ «កសិករយើងជំពាក់ព្យាយាមអត់អោនការជំពាក់នេះដើម្បីចាំរដូវប្រមូលផលលើកក្រោយដើម្បីព្យាយាមសងជាលំដាប់ជាលំដាប់គឺយើងអាចទៅមុខទាំងអស់គ្នា ប្រជាកសិករយើងក៏អាចទទួលបានលទ្ធភាពនៃការដាំដុះបន្តទៀត»។
អ្នកវិភាគនយោបាយ និងសង្គមលោកបណ្ឌិត មាស នី បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះថាកសិករលក់ស្រូវថោក ក៏ប៉ុន្តែនៅពេលដែលយើងទិញអង្កលើទីផ្សារបែរជាថ្លៃទៅវិញ។ លោកថា ទោះសិស្សរៀនបានលេខ ១ ក៏ដោយ តែបើមិនប្រឹងរកការងារធ្វើលេខ ១ នេះ មិនអាចជួយយើងបានឡើយ។ យ៉ាងណាមិញទោះបីជាអង្ករខ្មែរយើងជាប់ចំណាត់ថ្នាក់លេខ ១ ជាប់ៗគ្នាច្រើនឆ្នាំមកហើយ ក្តីក៏មិនអាចជួយកសិករបានដែរ ប្រសិនបើគ្មានទីផ្សារ។
កម្ពុជាមានផ្ទៃដីដាំដុះជាង៣លានហិកតានិងមានប្រជាកសិករប្រមាណជាង១,៧លានគ្រួសារប្រកបរបរកសិកម្ម ខណៈបច្ចុប្បន្នកម្ពុជាប្រមូលទិន្នផលស្រូវបានប្រមាណជិត៣ម៉ឺនតោនក្នុងមួយថ្ងៃ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា៕
កសិករនៅស្រុកសូទ្រនិគម ខេត្តសៀមរាបប្រមូលផលស្រូវវស្សាឆ្នាំនេះ។ រូប ៖ ម៉ែន សុធីរ ថតនៅថ្ងៃទី ១៥ ខែវិច្ឆិកា ២០២៥។



Comments