
រូបភាព៖ សកម្មជនចលនាមាតាធម្មជាតិនៅថ្ងៃសវនាការតុលាការកំពូល ២៣ មេសា ២០២៤ (MNC)
សាលាឧទ្ធរណ៍ភ្នំពេញបានលើកពេលសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិចាប់តាំងពីពាក់កណ្ដាល
ខែកក្កដាមកខណៈដែលគ្រួសាររបស់សកម្មជនថាការពន្យារពេលនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជនជាប់ឃុំ។
ក្នុងចំណោមសកម្មជនចលនាមាតាធម្មជាតិទាំង១០រូប ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំទៅ៨ឆ្នាំ ក្រោមបទ ចោទ«រួមគំនិតក្បត់»និង«ប្រមាថអង្គព្រះមហាក្សត្រ» កាលពីថ្ងៃទី០២ខែកក្កដា ឆ្នាំមុន មានសកម្មជន៥នាក់រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី កញ្ញា ភួន កែវរស្មី និងលោក លីចាន់ ដារ៉ាវុត ត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារផ្សេង ៗគ្នា ។
ម្ដាយរបស់សកម្មជនបរិស្ថាន លោក លី ចាន់ដារ៉ាវុត ប្រាប់ថាលោកស្រី មានការសោកស្ដាយដែលសាលាឧទ្ធរណ៍ភ្នំពេញនៅមិនទាន់កំណត់ថ្ងៃសវនាការជាថ្មី ម្ដងទៀតហើយលោកស្រីថាការពន្យារពេលនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់កូនប្រុសរបស់លោកស្រី និង សកម្មជន៤ នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំដោយ អយុត្តិធម៌ ។ លោកស្រីថាការកាត់ទោសមកលើសកម្មជនបរិស្ថានឱ្យជាប់ពន្ធនាគារដែលគ្រាន់តែពួកគេការការពារព្រៃឈើនិង ធនធានធម្មជាតិគឺជារឿងដែល មិនសមហេតុផល និងមិនអាចទទួលយកបាននោះទេ៕

Comments