រូបភាព៖ WHO
ជំងឺបាក់ទឹកចិត្តអាចត្រូវបានធូរស្រាល ឬជាសះស្បើយ ប្រសិនបើមានការយកចិត្តទុកដាក់ ក្នុងការដោះស្រាយទៅតាមកម្រិតស្រាល មធ្យម ឬធ្ងន់។ អ្នកជំនាញផ្នែកចិត្តវិទ្យា ណែនាំឲ្យអ្នកដែលប្រឈមនឹងជំងឺបាក់ទឹកចិត្តស្វែងរកការពិគ្រោះយោបល់ពីអ្នកជំនាញ ផ្លាស់ប្តូរបរិយាកាសគ្រួសារ និងសង្គម និងរៀនស្រឡាញ់ខ្លួនឯងជាងមុន។
លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជា បានពន្យល់ថា ជំងឺបាក់ទឹកចិត្តមិនមែនជាបញ្ហាជំងឺពីកំណើតទេ តែវាអាចកើតឡើងនៅពេលណាមួយក្នុងជីវិត។ ដូច្នេះ ប្រសិនបើមានការយកចិត្តទុកដាក់ឆាប់រហ័ស អ្នកជំងឺអាចទទួលបានការព្យាបាល និងមិនឱ្យក្លាយជាជំងឺរ៉ាំរៃ។
លោក ហឿ សេធុល បានបញ្ជាក់ថា នៅកម្រិតស្រាល មធ្យម អ្នកដែលមានបញ្ហា អាចទទួលបានការព្យាបាលតាមការប្រឹក្សា ឬ ការព្យាបាលចិត្តសាស្រ្តដែលជាវិធានការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត។ ហើយក្នុងកម្រិតធ្ងន់ អាចប្រើថ្នាំក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យចិត្តវិកល ដោយក្នុងអំឡុងស្របគ្នាក៏អាច ផ្នែកប្រឹក្សាផងដែរ។
លោកបន្ថែមថា៖« ប្រសិនជាយើងឃើញខ្លួនយើងស្ថិតនៅក្នុងស្ថានភាពទាក់ទងទៅនឹងបញ្ហាផ្លូវចិត្តក្នុងបញ្ហាផ្លូវចិត្តណាមួយក៏ដោយ ត្រូវចេះថែទាំខ្លួនឯង តាមរយៈពីការហូបចុករបស់យើង តាមរយៈការទម្លាប់ក្នុងការរស់នៅរបស់យើង ទាក់ទងការគេងរបស់យើង អានឹងជាការរស់នៅទម្លាប់ប្រចាំថ្ងៃ។ និយាយរួមឲ្យបានច្រើន ទាំងពីការស្រឡាញ់ខ្លួនឯង ឲ្យបានច្រើនហើយនៅពេលដែរចេះស្រឡាញ់ខ្លួនឯងមានន័យថាចេះថែទាំខ្លួនឯង ទាំងពី ហូបចុក តាំងពីទម្លាប់នៃការគេង ហើយតាំងពីកីឡាជាដើមសុទ្ធតែជាផ្នែកមួយដែលសំខាន់ដែលចាំបាច់ក្នុងការជួយដែលអាចឲ្យយើងមានភាពប្រសើរឡើង។
លោក សេធុល បន្ថែមថា បញ្ហានេះវាភ្ជាប់ជាមួយនឹង បរិយាកាសគ្រួសារ និងសង្គមក៏មានសារៈសំខាន់ដូចគ្នា។ ប្រសិនបើមានបញ្ហាក្នុងរបៀបចិញ្ចឹមកូន ឬបរិយាកាសគ្រួសារ នោះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកជំងឺ។ ហើយប្រសិនបើគ្រួសារមិនអាចផ្លាស់ប្តូរបាន វាក៏អាចបង្កឲ្យការព្យាបាលពិបាកឡើង។
លោកថា៖ «ខ្ញុំគ្រាន់តែផ្តាំផ្ញើរទៅប្អូនៗថា នៅក្នុង ឆាកជីវិតលើរបស់យើងមួយៗគ្រប់គ្នានឹងជួបបញ្ហានៅក្នុងជិវិតរបស់យើងរៀងៗខ្លួនចឹងហា អ្វីដែលសំខាន់គឺស្ថិតនៅលើយើង ទាក់ទងទៅនឹងហ៊ានប្រឈមទៅនឹងបញ្ហា រៀនទទួលយកបញ្ហា ហើយរៀនប្រឈមមុខជាមួយនឹងវា មានតែអ្នកដែលអាចប្រឈមមុខបញ្ហាបានទេទើបជាមនុស្សមួយដែរអាចនឹងមានការរុងរឿង មានការរីកចម្រើនទៅថ្ងៃអនាគត។»
លោកនិយាយថាទាក់ទងទៅនឹងនៅសាលារៀន ក៏គួរត្រូវមានវិធានការទប់ស្កាត់ការរើសអើង និងអំពើហិង្សា ព្រមទាំងផ្តល់សេវាផ្លូវចិត្តដល់សិស្ស។ ក្នុងសង្គមទូទៅ រដ្ឋាភិបាលត្រូវមានគោលនយោបាយគាំទ្រផ្លូវចិត្តដល់យុវជន គួរត្រូវបានអនុវត្តក្នុងការគាំទ្រ ដោយក្រសួងសង្គមកិច្ច ក្រសួងអប់រំ និងក្រសួងសុខាភិបាលក្នុងរួមចំណែកទៅលើផ្នែកនេះ។ លើសពីនេះ ការការពារ និងកំណត់អាយុសម្រាប់កុមារ និងវ័យជំទង់ពីការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ គឺជាវិធានការសំខាន់ក្នុងការទប់ស្កាត់បញ្ហាផ្លូវចិត្ត៕


Comments