
រូបភាព៖ ការដាក់តាំងទូរលក់បារី តាមសាធារណៈ
ការឈប់ជក់បារី មិនត្រឹមតែជួយសុខភាពបេះដូង និងសួតឲ្យប្រសើរឡើងទេ តែវាអាចកាត់បន្ថយហានិភ័យជំងឺមហារីក និងជំងឺកាច
សាហាវផ្សេងទៀតជាច្រើន។ អ្នកជំនាញផ្នែកសុខភាពផ្តល់ការណែនាំឱ្យប្រើវិធីសាស្រ្តមានប្រសិទ្ធភាពតាមរយៈការជួបអ្នកប្រឹក្សាពីវិធីសាស្រ្តកាត់បន្ថយបារីដើម្បីអាចឈានទៅផ្តាច់ការជក់។
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានលើកឡើងថា អ្នកចង់ឈប់ជក់បារី អាចទៅរកសេវាកម្មនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពជាច្រើន ដែលមានសេវាផ្តល់ការអប់រំ និងយោបល់ដល់អ្នកជក់បារី ដើម្បីជួយពួកគេបោះបង់ការជក់។ លោកបន្ថែមថា កត្តាសំខាន់បំផុតសម្រាប់ការឈប់ជក់ គឺការតាំងចិត្តរបស់ខ្លួនឯង។
លោកបន្ថែមថា៖ «ដើម្បីផ្តាច់បារីបានគឺសំខាន់បំផុត គឺការតាំងចិត្តរបស់ពួកគាត់ តាំងចិត្តឲ្យមាំហើយកំណត់កាលបរិច្ឆេទគាត់ គាត់ឈប់ថ្ងៃណា នៅពេលដែលគាត់ឈប់គាត់អាចនឹងមានរោគសញ្ញាកើតឡើង ដូចជាជូរមាត់ធ្វើការមិនកើតដោយសារគាត់តប់ប្រមល់ខ្វះជាតិញៀន អ៊ីចឹងគាត់ទ្រាំធ្វើអ្វី ប្រឡប់រយៈពេលបីទៅបួនថ្ងៃ រោគសញ្ញាទាំងអស់នឹងគាត់នឹងថយចុះ។»
លោកបន្តថា៖ «ជាពិសេសគាត់កុំទៅជិតអ្នកជក់បារី កុំទៅឃើញផ្ទាំងការផ្សាយពាណិជ្ជកម្មទាំងអស់នឹង នឹងនាំឲ្យគាត់ជក់ហើយ។»

រូបភាព៖ លោក វេជ្ជបណ្ឌិត មុំ គង់ (រូបភាព៖ ផ្តល់ឲ្យ)
លោកវេជ្ជបណ្ឌិតនិយាយថា ការឈប់ជក់បារីមានអត្ថប្រយោជន៍ច្រើន ទាំងសម្រាប់ខ្លួនឯង និងសង្គមជាទូទៅ។ លោកថា អ្នកជក់បារីមួយដើមខាតអាយុប្រហែល ១១នាទីកន្លះ ប្រសិនបើជក់មួយថ្ងៃ ២០ដើម មានន័យថា គាត់បាត់បង់អាយុជាង ២០០នាទីក្នុងមួយថ្ងៃ។
លោកបញ្ជាក់ថា នៅពេលដែលមនុស្សឈប់ជក់បារី សុខភាពរបស់ពួកគេនឹងប្រសើរឡើង បេះដូង និងសួតធ្វើការបានល្អជាងមុន ការឈឺចាប់ក៏ថយចុះ ហើយអាចបង្កើនផលិតភាពការងារបានកាន់តែប្រសើរ ដោយមិនចំណាយថវិការច្រើនលើការព្យាបាលជំងឺ។ ការឈប់ជក់ក៏ការពារសុខភាពអ្នកនៅជិត និងជួយបង្កើនសកម្មភាពសង្គមដែលលើកតម្លៃការមិនជក់បារី។
លោកវេជ្ជបណ្ឌិត មុំ គង់ បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ចំនួនបីដើម្បីជំរុញឲ្យប្រជាពលរដ្ឋបោះបង់ការជក់បារី ដោយទី១ បង្កើនតម្លៃបារីតាមរយៈអាករពិសេស ដើម្បីកាត់បន្ថយការជក់ និងសម្រួលប្រាក់ចំណូលសម្រាប់រដ្ឋាភិបាល ទី២ អប់រំប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃបារីដោយប្រើរូបភាពពិតប្រាកដនៃជំងឺ និងទី៣ ហាមឃាត់ការផ្សព្វផ្សាយដែលទាក់ទាញឲ្យមនុស្សជក់ ជាពិសេសយុវជន។
យោងតាមការចុះផ្សាយរបស់ អង្គការសុខភាពពិភពលោក(WHO) ការបង្កើនពន្ធលើផលិតផលថ្នាំជក់ជាវិធានសំខាន់ក្នុងការកាត់បន្ថយការជក់ និងការពារសុខភាព។ WHO បញ្ជាក់ថា ការកើនពន្ធ ៥០% អាចកាត់បន្ថយអ្នកជក់ ៤៩ លាននាក់ និងសង្គ្រោះជីវិត ១១ លាននាក់។ វាមានឥទ្ធិពលខ្លាំងសម្រាប់មនុស្សវ័យក្មេង និងបង្កើនប្រាក់ចំណូលរដ្ឋាភិបាល៕

Comments