(រូបភាព៖ BBC News)
រដ្ឋ ការណាតាកា (Karnataka) ភាគត្បូងនៃប្រទេសឥណ្ឌា គឺជារដ្ឋសម្បូរទៅដោយក្រុមហ៊ុនព័ត៌មានវិទ្យា (IT) ធំៗលើពិភពលោក ។ រដ្ឋនេះបានក្លាយជារដ្ឋដំបូងគេបង្អស់នៅឥណ្ឌា ដែលផ្តល់ថ្ងៃឈប់សម្រាកដល់ស្រ្តី ដែលធ្វើការងារផ្លូវការនៅពេលពួកគេមានវដ្តរដូវ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC News។
បើតាមសារព័ត៌មាន BBC បន្តថា គោលនយោបាយថ្មីមួយនេះនឹងផ្តល់ឲ្យស្ត្រី ដែលមានអាយុចន្លោះចាប់ពី ១៨ រហូតដល់ ៥២ ឆ្នាំ ធ្វើការនៅវិស័យរដ្ឋាភិបាល និងឯកជន អាចឈប់សម្រាកពេលមករដូវមួយថ្ងៃរៀងរាល់ខែ។ ការឈប់សម្រាកនេះ មិនចាំបាច់មានវិញ្ញាបនបត្របញ្ជាក់សុខភាពនោះឡើយ ។
បើតាមការចេញផ្សាយរបស់ BBC ថា គោលនយោបាយនេះគ្របដណ្តប់លើស្ត្រីពី ៣៥០,០០០ ទៅ ៤០០,០០០ នាក់នៅក្នុងវិស័យផ្លូវការ។ ទោះយ៉ាងណា វានៅតែមិនអាចគាំទ្រក្រុមស្ត្រីក្នុងវិស័យការងារក្រៅប្រព័ន្ធដែលមានចំនួនប្រមាណ ៦លាននាក់ ដែលកំពុងធ្វើការជាកម្មករតាមផ្ទះ កម្មករប្រាក់ឈ្នួលប្រចាំថ្ងៃ និងកម្មករតាមកិច្ចសន្យារយៈខ្លី។ អ្នកជំនាញលើកឡើងថា គោលនយោបាយគួរតែពង្រីកដល់វិស័យក្រៅប្រព័ន្ធ។
បើក្រឡែកមើលក្នុងគោលនយោបាយឈប់សម្រាកពេលមករដូវនេះ បានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការដាក់បញ្ចូលវិស័យឯកជនជាលើកដំបូងដោយអនុវត្តលើនិយោជិត ដោយមិនគិតពីប្រភេទការងារ ឬកិច្ចសន្យា។
សារព័ត៌មាន BBC ផ្សាយបន្ថែមថា បើតាមគោលនយោបាយ នៃការឈប់សម្រាកអំឡុងពេលស្ត្រីមករដូវមិនមែនជារឿងថ្មីនោះទេ។ មានប្រទេសមួយចំនួនក៏បានអនុវត្តគោលនយោបាយនេះផងដែរ ដូចជាប្រទេស អេស្ប៉ាញ ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី។
រីឯរដ្ឋមួយចំនួនរបស់ប្រទេសឥណ្ឌាក៏ផ្តល់ការឈប់សម្រាកពេលមានរដូវ កំណត់តែក្នុងវិស័យការងាររដ្ឋាភិបាលនៅក្នុងរដ្ឋបិហារ (Bihar) និង រដ្ឋអូឌីសា (Odisha) ផ្តល់រយៈពេលពីរថ្ងៃក្នុងមួយខែ ចំពោះតែបុគ្គលិកក្នុងវិស័យរដ្ឋ ខណៈដែលរដ្ឋ Kerala បានផ្តល់ឈប់សម្រាកសម្រាប់បុគ្គលិកស្ត្រីក្នុងវិទ្យាស្ថានបណ្តុះបណ្តាល និងឧស្សាហកម្ម៕


Comments