Serey is utilizing Blockchain technology

អ្នកជំនាញរំឮកអ្នកប្រើប្រាស់ឱ្យដំឡើងទៅ Windows 11 ដើម្បីជៀសហានិភ័យ

R
reachny


(Orion Networks)


អ្នកជំនាញសន្ដិសុខប្រព័ន្ធឌីជីថលជំរុញ​ឱ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ ​ Window ដំឡើងទៅ Windows 11 ដើម្បី​សុវត្ថិភាព បន្ទាប់ពីប្រព័ន្ធប្រតិបត្តិការ Windows 10 ត្រូវបានបញ្ចប់ការគាំទ្រ ឬ End of support ចាប់​ពី​ពាក់​កណ្ដាល​ខែ​តុលា​។​

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Microsoft បានបញ្ចប់​ការគាំទ្រ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ។


អ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល លោក ង៉ែត ម៉ូសេ ពន្យល់ថា នៅពេលដែលក្រុមហ៊ុន Microsoft បញ្ចប់ការគាំទ្រលើប្រព័ន្ធប្រតិបត្តិការ Windows 10 មានន័យថា ក្រុមហ៊ុ​ន​នេះ​ឈប់​បំពេញ​ចំណុចខ្វះខាត​នៃប្រព័ន្ធប្រតិបត្តិការនេះ។

លោកថា៖ « បើសិនជាឃើញខុសគឺទុកចោលបណ្ដោយ គេលែង​មាន​មនុស្ស លែង​មាន​សកម្មភាព​ទៅ Fix អាហ្នឹង ទៅជួសជុសអាហ្នឹង គេលែងមានហើយ អ៊ីចឹងវាទៅជា​មាន​ប្រយោជន៍​​សម្រាប់ cybercriminal​ ឧក្រិដ្ឋជនអនឡាញហ្នឹងដែលគាត់មានជំនាញ​ខាង​វាយ​ប្រហារ​ហ្នឹង។ អ្នកណាដែលប្រើ​ប្រាស់ Windows 10 នឹងអាចប្រឈមជាមួយនឹងបាត់នូវ​ព័ត៌មាន​ផ្ទាល់ខ្លួនចេញពីកុំព្យូទ័ររបស់គាត់»។


លោក ង៉ែត ម៉ូសេ លើកទឹកចិត្តដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ជាពិសេស​អង្គការ​សង្គមស៊ីវិលដែលមាន license ឬអាជ្ញាប័ណ្ណលើប្រព័ន្ធប្រតិបត្តិការពីក្រុមហ៊ុន Microsoft គប្បីដំឡើង​ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទៅ Windows 11។

លោកបន្តថា៖ «បើទាក់ទងទៅនឹងសុវត្ថិភាព ខ្ញុំយល់ឃើញថាអ្នកដែលប្រើប្រាស់ Windows 10 បើសិនជា​អាច upgrade ទៅកាន់ 11 [Windows 11] បាន គួរតែទៅកាន់ 11 ទៅ ពីព្រោះ availability [ភាពទំនេរ​] មួយចំនួន កម្សោយនៃសុវត្ថិភាព​មួយចំនួនលែងត្រូវបាន support [គាំទ្រ] ហើយ អ៊ីចឹង​មានន័យថាម៉េច? មានន័យថា​មនុស្ស​លែង​ត្រូវយកចិត្ត​ទុកដាក់ ក្នុង​ការជួយ​ស្រោច​ស្រង់ OS [ប្រព័ន្ធប្រតិបត្តិការ] ហ្នឹងមកវិញហើយ វាចប់ហើយ»។


បើ​តាម​គេហទំព័រ Statcounter បានឱ្យដឹងថា នៅឆ្នាំ២០២៥ ​កម្ពុជា​មាន​អ្នក​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ចំនួន៧១,៩ភាគរយ ខណៈអ្នកដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 11 មានចំនួន ២៥,៨ភាគរយ។


គួរបញ្ជាក់​ថា ក្រុមហ៊ុន Microsoft បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។ កាលនោះក្រុមហ៊ុនអាមេរិកមួយនេះ​បានផ្ដល់ដល់អ្នក​ប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ Windows 8.1 និង Windows 7 ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ពេញ​និយម ដែល​​អាច​ដំឡើងទៅប្រើប្រព័ន្ធប្រតិបត្តិការ Windows 10 ដោយឥតគិតថ្លៃ៕

 

0.000 SRY$0.00
BrightKhmer

Comments