Serey is utilizing Blockchain technology

សារធាតុគីមីក្នុងបារីធ្វើឱ្យកើតជំងឺធ្ងន់ធ្ងរ

R
reachny

រូបភាព៖ ការតាំងលក់បារីនៅសាធារណៈ


អ្នកជំនាញផ្នែកសុខភាពអះអាងថា ការជក់បារីបង្កើតហានិភ័យខ្ពស់ក្នុងការកើតជំងឺធ្ងន់ធ្ងរ​ដូចជា​បេះដូង ជំងឺសួត និងមហារីក​។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានរៀបរាប់ថា បារីមានសារធាតុគីមីគ្រោះថ្នាក់ជាច្រើន ក្នុងនោះមានសារធាតុគីមី នីកូទីន ដែល​បណ្តាល​ឱ្យញៀនខ្លាំង បង្កឱ្យ​ស្ទះសរសៃឈាមតូចៗ និងប៉ះពាល់ដល់ស្បែកឆាប់ចាស់។ លោកបន្តថា សារធាតុគីមីនេះ ក៏អាចបង្កជំងឺធ្ងន់ៗ ដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្យល់គរ មហារីក ជំងឺទឹកនោមផ្អែម និងបញ្ហាសរសៃប្រសាទជាដើម។


លោកលើកឡើងអំពីផលប៉ះពាល់បន្ថែម​ថា៖ «បើនិយាយអំពីខាងក្នុងរាង្គកាយវិញ នៅពេលដែលវាបង្រួមសរសៃឈាមតូចៗ ធ្វើឲ្យស្ទះសរសៃឈាមដែលបណ្តាលឲ្យ stroke មានជំងឺខ្យល់គរ អាចជំងឺក្បៀតសរសៃឈាមបេះដូង -ល-។ ដែលជាជំងឺយ៉ាងធ្ងន់ធ្ងរ ហើយ នៅមានជំងឺផ្សេងៗទៀតដែលស្ទើរគ្រប់សរីរាង្គ ដូចជាមហារីក ដូចជា​ប៉ះពាល់ទៅ​ដល់​លំពែង​ដែល​បង្ក​ជា​ជំងឺទឹកនោមផ្អែម ប៉ះពាល់ទៅដល់ជំងឺក្រពះ ទៅដល់សរសៃប្រសាទ -ល-»។


លោកវេជ្ជបណ្ឌិត គង់ មុំ បន្ថែម​ថា សារធាតុគីមីទីពីរក្នុងបារី​គឺហៅថា​ជ័រ។ ជ័រនេះ​អាច​ជាប់​នៅ​លើ​ក្រចក​ដៃ ធ្មេញ និងបបូរមាត់ ហើយបង្កហានិភ័យមហារីក ដែល​ហានិភ័យ​ខ្លាំងបំផុត​គឺ​នៅ​ប្រព័ន្ធ​ដំណើរការ​របស់រាង្គ​កាយ ចាប់ពីទងសួត ដល់សួត។ អ្នកជំនាញប្រាប់ថា ប្រហែល​៩០% នៃករណីមហារីកសួត មាន​ទំនាក់ទំនងដោយផ្ទាល់ទៅនឹងការជក់បារី។ លើស​ពីនេះ​ក៏មានសារធាតុគីមីផ្សេងៗទៀតក្នុងបារី ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ។


លោកបន្តថា អ្នកមិនជក់បារីដែលស្ថិតនៅជិតអ្នកជក់អាចរងផលប៉ះពាល់ដូចអ្នកជក់ផ្ទាល់ ហើយ​កាន់តែស្ថិតនៅជិតយូរ ហានិភ័យកាន់តែខ្ពស់។ រីឯ​ការស្រូប​ផ្សែងបារី​ប៉ះពាល់​ខ្លាំង​ដល់​កុមារ និងស្ត្រីមានផ្ទៃពោះ ដែលអាចបណ្តាលឲ្យរលូតកូន ឬកូនកើតមិនគ្រប់ខែ។


យោងតាម អង្គការសុខភាពភិពលលោក (WHO) ចុះផ្សាយខែមីនា ២០២៥​លើកឡើងថា ផលិតផល​បារីដែលត្រូវបានជក់ មានសារធាតុគីមីជាង ៧,០០០ ប្រភេទ ដោយ​ក្នុង​នោះយ៉ា​ង​ហោច​ណាស់ ២៥០ ប្រភេទ គឺជាសារធាតុគីមីដែលគេដឹងថាគ្រោះថ្នាក់ ឬ​អាច​បង្កជា​ជំងឺ​មហារីក។ សារធាតុដូចជា ជ័រ កាបូនម៉ូណុកស៊ីត និងនីកូទីន គឺជាសារធាតុពុល ញៀន និង​អាចបង្កគ្រោះថ្នាក់ដល់សរសៃឈាម និងបេះដូង៕​

2609.741 SRY$0.00
BrightKhmer

Comments