រូបភាពក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែកុម្ភៈ ឆ្មាំ ២០២២. (រូបភាពពី÷ហ្វេសប៊ុកក្រសួងសុខាភិបាល)
ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការចោទប្រកាន់ថា បុរសជនជាតិថៃម្នាក់ អាយុ២៤ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារមន្ទីរពេទ្យក្នុងស្រុកមួយនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បដិសេធមិនព្យាបាលបុរសជនជាតិថៃ។
សេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥បញ្ជាក់ថា បើតាមការស្រាវជ្រាវជាក់ស្តែង និងការពិនិត្យរបស់អាជ្ញាធរមូលដ្ឋានបានបង្ហាញថា បុរសជនជាតិថៃបានស្លាប់ដោយសារគាំងបេះដូង និងមិនមានការព្យាបាល ឬការបដិសេធពីមន្ទីរពេទ្យមុនពេលទទួលមរណភាព។
ក្រសួងសុខាភិបាលកម្ពុជាបន្ថែមតាមន័យដើមថា ៖«សូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ ដែលមានអាយុ ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Nation Thailand បានផ្សាយថា ចុងភៅ Methachan ជនជាតិថៃ ត្រូវ បានប្រទះឃើញដេកនៅក្រៅអគារពាណិជ្ជកម្មមួយដោយសារឈឺពោះ ហើយត្រូវបានបដិសេធមិនព្យាបាល ដោយសារតែឯកសារ និងលុយមិនគ្រប់គ្រាន់។ សារព័ត៌មានថៃដដែលបន្តថា បុរសជនជាតិថៃនោះត្រូវបានគេបញ្ជាក់ថា បានស្លាប់ដោយសារស្ថានភាពជំងឺដែលមានពីមុនមក និងជំងឺផ្លូវដង្ហើម ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការព្យាបាលមិនទាន់ពេលវេលា។
ចំណែកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរដោយបានច្រានចោលព័ត៌មាននោះថាមិនពិត និងនិងបានលើកឡើងថា សពមនុស្សម្នាក់ត្រូវបានប្រជាពលរដ្ឋរកឃើញនៅមុខអគារកម្ពស់ ៥ជាន់ ដែលទុកចោល មិនមែននៅ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតនោះទេ។ ហើយក្រុមកោលសល្យវិច័យបានកំណត់មូលហេតុសង្ស័យថា ការស្លាប់មានមូលហេតុដោយសារជំងឺគាំងបេះដូង”។
មន្ទីសុខាភិបាលបន្ថែមថា៖ «ដោយឡែក នៅមន្ទីរពេទ្យប៉ោយប៉ែត ក្រុមគ្រូពេទ្យមិនបានទទួល និងឃើញអ្នកជំងឺឈ្មោះ METHACHAN YOSENG មកទទួលការពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យឡើយ»។
បើតាមមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ចាប់តាំងពីខែមិថុនារហូតដល់បច្ចុប្បន្ន នៅពេលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានបិទ ខេត្តបន្ទាយមានជ័យបានទទួលការព្យាបាលជនជាតិថៃចំនួន៣១នាក់ ក្នុងនោះស្រ្តី២១នាក់៕


Comments